នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥
ដោយមានបំណងចង់ចែករំលែកក្តីស្រលាញ់ ភាពសប្បាយរីករាយ និងស្វាគមន៍ឆ្នាំថ្មី ២០២៥ ធនាគារ សាខមប៊ែង ខេមបូឌា បានរៀបចំកម្មវិធី “ភាពកក់ក្តៅក្នុងឆ្នាំថ្មី” ចែកជូនអំណោយដល់ ៥០០ ចំណែក ដល់ប្រជាពលរដ្ឋដែលមានជីវភាពមានជីវភាពលំបាកនាឱកាសបុណ្យចូលឆ្នាំថ្មី ២០២៥ នៅខេត្តស្វាយរៀង ប្រទេសកម្ពុជា។
នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារ សាខមប៊ែង ខេមបូឌា បានចុះជួបផ្ទាល់ លើកទឹកចិត្ត និងចែកជូនអំណោយចំនួន ៥០០ចំណែក ដែលក្នុងនោះ អំណោយនីមួយៗមានតម្លៃសរុប ៨០,០០០ រៀល ក្នុងនោះរួមមានសាច់ប្រាក់ និងសម្ភារៈប្រើប្រាស់ចាំបាច់ (តម្លៃអំណោយសរុប ៤០,០០០,០០០ រៀល) ដល់ក្រុមគ្រួសារ មានជីវភាពលំបាកនាឱកាសបុណ្យចូលឆ្នាំថ្មី ២០២៥ នៅខេត្តស្វាយរៀង ប្រទេសកម្ពុជា។
លោក ហ្វុង ថាយ ហ្វុង – សមាជិកក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកធនាគារ សាខមប៊ែង ខេមបូឌា មានប្រសាសន៍ថា ក្រៅពីការរក្សាបាននូវប្រតិបត្តិការអាជីវកម្មប្រកបដោយប្រសិទ្ធភាព ធនាគារបាននិងកំពុងរួមចំណែកជាក់ស្តែងជាច្រើន ដល់សុខុមាលភាពសង្គម ក្នុងប្រទេសកម្ពុជា។
“ធនាគារ សាខមប៊ែង ខេមបូឌា បានសហការយ៉ាងសកម្មជាមួយសមាគមខ្មែរ-វៀតណាមនៅកម្ពុជា និងអាជ្ញាធរមូលដ្ឋាន ដើម្បីនាំយកអំណោយឆ្នាំថ្មី ដល់កុមារាកុមារី មនុស្សចាស់ជរាគ្មានទីពឹង កម្មករ កម្មការិនី និងគ្រួសារដែលមានជីវភាពក្រីក្រ ជាដើម។សង្ឃឹមថា ទឹកចិត្តសប្បុរសធម៌របស់ធនាគារ សាខមប៊ែង ខេមបូឌា នឹងផ្តល់ភាពកក់ក្ដៅដល់លោកយាយ លោកតា អ៊ំពូមីង និងក្មូយៗ ទាំងអស់គ្នាក្នុងឱកាសបុណ្យឆ្នាំថ្មីខាងមុខនេះ” លោក ហ្វុង ថាយ ហ្វុង បានចែករំលែក។
ក្រៅពីប្រទេសកម្ពុជា កម្មវិធី “ភាពកក់ក្តៅក្នុងឆ្នាំថ្មី” លើកទី២២ ក៏ត្រូវបានរៀបចំដោយធនាគារ សាខមប៊ែង នៅតាមបណ្តាខេត្ត ក្រុងនានាក្នុងប្រទេសវៀតណាម និងឡាវ ដោយចំណាយថវិកាសរុបចំនួន ១,៦ ពាន់លានរៀល។ ក្នុងរយៈពេល ២២ ឆ្នាំកន្លងមកនេះ ធនាគារ សាខមប៊ែង បានចំណាយថវិកាជាង ១៦,៨ ពាន់លានរៀល លើសកម្មភាពសប្បុរសធម៌រៀងរាល់ឱកាសបុណ្យចូលឆ្នាំថ្មី ដោយបង្ហាញពីទំនួលខុសត្រូវរបស់ខ្លួនចំពោះសហគមន៍ ការចង់ចែករំលែកជាមួយក្រុមគ្រួសារមានជីវភាពក្រីក្រ ក៏ដូចជាការប្តេជ្ញាចិត្តរយៈពេលវែង រួមចំណែកដល់សុខុមាលភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ របស់ធនាគារ សាខមប៊ែង។