នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨
នាវេលាម៉ោង៨ព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ នៅទីស្នាក់ការកណ្តាលរបស់ធនាគារ សាខមប៊ែង ខេមបូឌា (អាសយដ្ឋានផ្ទះលេខ ៦០ មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ) ធនាគារ សាខមប៊ែង ខេមបូឌា បានរៀបចំនូវកម្មវិធីសប្បុរសធម៌ដែលមានឈ្មោះថា “Give what you have, take what you need” ដើម្បីជម្រុញវប្បធម៌នៃការចែករំលែកជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលមានជីវភាព លំបាកក្នុងការរស់នៅដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនិងបុគ្គលិកធនាគារជាច្រើនផងដែរ។
បណ្តាសម្ភារៈសប្បុរសធម៌លើកនេះគឺជាសម្លៀកបំពាក់ដែលបានប្រើប្រាស់រួចដែលមានគុណភាពល្អ និងត្រូវបានសំអាតយ៉ាងស្អាតដែលទទួលបានពីការចូលរួមពីសំណាក់អតិថិជន អ្នកឧបត្ថម្ភផ្សេងៗ និងបុគ្គលិកធនាគារសាខមប៊ែងផងដែរ។ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតបានចូលរួមក្នុងកម្មវិធីនេះដោយម្នាក់ៗបានរើសយកនូវសម្លៀកបំពាក់ដែលសាកសមជាមួយខ្លួន និងសមាជិកគ្រួសារផ្សេងទៀតដោយក្តីសប្បាយរីករាយ និងមានសុភមង្គល។ លើសពីនេះទៅទៀតក្រោយទទួលបាននូវសម្ភារៈឧបត្ថម្ភម្នាក់ៗបានថ្លែងអំណរគុណដល់ធនាគារសាខមប៊ែងដែលបានរៀបចំនូវកម្មវិធីដ៏មានអត្ថន័យនេះ។
ជាមួយនឹងសម្ភារៈសប្បុរសធម៌ដែលបានចែកជូនលើកនេះ ធនាគារសាខមប៊ែងសង្ឃឹមថាប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនឹងទទួលបាននូវភាពកក់ក្តៅជាងមុនរាល់ពេលធ្វើដំណើរតាមផ្លូវ និងពេលរាត្រីចូលមកដល់។ ធនាគារសាខមប៊ែងសង្ឃឹមយ៉ាងមុតមាំថានឹងបន្តទទួលបាននូវការឧបត្ថម្ភពីសំណាក់អតិថិជនបច្ចុប្បន្ន សាធារណជន អ្នកដែលមានចិត្តសប្បុរសធម៌ និងបុគ្គលិកធនាគារទាំងមូលផងដែរដើម្បីឱ្យកម្មវិធីសប្បុរសធម៌លើកនេះកាន់តែពង្រីកវិសាលភាពរបស់ខ្លួនក្នុងសហគមន៍ រួមគ្នាដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលមានការលំបាកក្នុងជីវភាព និងត្រូវការជំនួយពីសហគមន៍។